
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ចាត់វិធានការក្តៅបង្ក្រាបមុខសញ្ញាក្មេងទំនើង និងទីតាំងលក់បារីអេឡិចត្រូនិច
ខេត្តបន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង–ស្រុក ពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ។
លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញទបញ្ជា និងវិធានការដល់កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលគ្រប់ក្រុង–ស្រុក ត្រូវបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសក្មេងទំនើង និងទីតាំងធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិច ត្រូវឃាត់យកមកសួរនាំ និងមានចំណាត់ការតាមនីតិវិធីច្បាប់។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កម្លាំងជំនាញ និងកម្លាំងអធិការដ្ឋានគ្រប់ក្រុងស្រុក –ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព –ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច –ពង្រឹងការត្រួតអាវុធគ្រឿងផ្ទុះ –ច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្គាល់អ្នកបើកបរមានជាតិស្រវឹង(ជាតិអាល់កុលលើសកម្រិត)ពេលរាត្រីផងដែរ៕