អភិបាលខេត្តជាប់ព្រំដែនទាំង០២ពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ)

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ) ដែលកិច្ចប្រជុំពិភាក្សាដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ ។កិច្ចប្រជុំនេះដែរគឺ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

 

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំង២ ហើយជាក់ស្តែង នាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួល ដល់អ្នកជំងឺខ្មែរ ដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ ជួយសម្របសម្រួលដល់ការចេញចូល របស់ប្រជាពលរដ្ឋ ខ្មែរទៅធ្វើការ ជា ពលករ និងទៅរកស៊ីស្របច្បាប់ នៅក្នុងខេត្តចាន់បុរី, សម្របសម្រួលនីតិវិធីដឹកទំនិញឆ្លងដែន, ពន្លឿនការកសាងស្ពានឆ្លងព្រំដែន និងការធ្វើខ្លោងទ្វារព្រំដែនអន្តរជាតិព្រំ ផងដែរ។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរ ដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

 

ជាការឆ្លើយតបឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ។ឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍បន្តថា៖ កិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានឆ្លងព្រំដែនថ្មី នៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ បានជាកាត (Ban Phakkad) នាពេលនេះគឺគណៈកម្មាធិការថ្នាក់ខេត្តទាំងពីរ បានសម្រេចចិត្តអនុម័តលើសេចក្តីព្រាងកិច្ចព្រមព្រៀង ធ្វើយ៉ាងណាដើម្បីឲ្យការកសាងស្ពានឆ្លងព្រំដែនថ្មី បានដំណើរការយ៉ាងរលូន គឺយើងត្រូវមានកិច្ចសហការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត ។ ឯកឧត្តម អភិបាលខេត្តចាន់បុរី ក៍បានបញ្ជាក់ផងដែរថា៖ នៅចំពោះមុខឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងមានកិច្ចប្រជុំពិភាក្សាការសាងសង់ស្ពាននៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ បានផាកាត(Ban Phakad) នាថ្ងៃស្អែក ដើម្បីបង្កើនសក្តានុពលពាណិជ្ជកម្ម រវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងចំណូលសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋក្នុងតំបន់ នៃខេត្តទាំងពីរ(ប៉ៃលិន+ ចាន់បុរី)ផងដែរ។

 

សូមបញ្ជាក់ផងដែរថា៖ គម្រោងការសាងសង់ស្ពានថ្មីឆ្លងកាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិព្រំ (ខេត្តប៉ៃលិន) និងខេត្តចាន់បុរី ប្រទេសថៃ នេះ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ ផងដែរ៕

error: Content is protected !!