
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ហឿន វីរៈ អភិបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ ថា សមិទ្ធផលនានា នៅក្នុងវត្តគិរីញាណក្ខន្ធបទារាម (វត្តកក់) ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ, កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារជាទឹកប្រាក់សប្បុរសជន, បន្ទប់ទឹកមានមួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ, ស្រះទឹកមុខព្រះវិហារមានទទឹង ២០ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ជម្រៅ ៣,៥០ ម៉ែត្រ មានជណ្តើរបេតុងមួយ មានចាក់សាបនៅមុខជណ្តើរ និងជីកស្រះមួយនៅជ្រុងខាងជើងឆៀងខាងលិចដីវត្តមួយកន្លែង រួមទាំងការកាយពង្រាបដី ទិញដី ក្រហម ចាក់ក្រាលផង អស់ទឹកប្រាក់សរុប ៧,០០០ដុល្លារសហរដ្ឋអាមេរិក , ខ្លោងទ្វារចូលវត្តនៅស្របនឹងផ្លូវជាតិលេខ៦ កសាងអស់ទឹកប្រាក់ ៣,៨០០ដុល្លារ រាល់សមិទ្ធផលទាំងអស់សរុបជាទឹកប្រាក់ចំនួន៨៧,៦៣២.៤៥ដុល្លារ ។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងថា ក្រោមម្លប់សន្តិភាព ដែលបានមកដោយនយោបាយឈ្នះ–ឈ្នះ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏ជាអគ្គមគ្គុទេសក៍ឯកនាំមកនូវ “សន្តិភាព” ជូនប្រជាជនកម្ពុជា ជាស្ថាបនិក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងមានស្ថិរភាពនយោបាយ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ក្នុងរយៈពេលជិត៣០ឆ្នាំកន្លងទៅនេះ ដូចមានទិសស្លោកថា “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះ និងតទៅអនាគត ”។
ឯកឧត្ដម បន្តថា កត្តានេះជាមូលដ្ឋានគ្រឹះដ៏រឹងមំា និងជាកាលានុវត្តភាពយ៉ាងធំធេង សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាក៏មានការរីចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ ផ្អែកលើគុណតម្លៃ និងតួនាទី របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាង ច្បាស់ថា “ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ហើយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ប្រមាណជា៩៧% បានគោរព និងប្រតិបត្តិព្រះពុទ្ធសាសនា។
ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ឯកឧត្ដម លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា និងប្រជាពុទ្ធបរិស័ទ និងនៅតាមបណ្តាវត្តអារាមនានាទាំងអស់សូមបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង អភិវឌ្ឍ និងចូលរួមថែរក្សាព្រះពុទ្ធសាសនាឱ្យនៅស្ថិតស្ថេរគង់វង្សជាអង្វែងតទៅ៕