សាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុបន្តទទួល អំណោយមនុស្សធម៌លើកទី៣ ក្នុងឱកាសខួបលើកទី១៥៩

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ មនុស្សធម៌លើកទី៣ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃភាពងាយរងគ្រោះនៅក្នុងប្រទេសឱ្យបានសាកសមជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

នៅក្នុងស្ថានភាពដែលពិភពលោក ក៏ដូចព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងបង្ការ ការពារ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសង្គមសេដ្ឋកិច្ច នៃប្រទេស និមួយៗ។ ដើម្បីអបអរសាទរខួបលើកទី១៥៩ ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម កៀរគរមូលនិធិ និងសូមស្វាគមន៍ការចូលរួមវិភាគទានពីសំណាក់សម្ដេច ឯកឧត្ដម លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោក លោកស្រី សប្បុរសជន និងពាណិជ្ជករ អាជីវករនៅក្នុងខេត្តព្រះសីហនុ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

មូលនិធិដែលសាខាកាកបាទកហរហម ប្រមូលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជួយឱ្យសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយ ពុំមានការរើសអើងសំដៅចូលរួមចំណែក ក្នុងការជួយសង្គ្ រោះអាយុជីវិត ការកសាង ភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សាជាដើម។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងធ្វើការអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករក្នុងខេត្តចូលរួមជួយគាំទ្រ បរិច្ចាកថវិកា និងវិភាគទានចូលរួមជាកម្លាំងជាមួយសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីជួយសម្រាលបទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើងពូជ ប្រកាន់ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។

សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីសប្បុរសជនលើកទី៣ បានចំនួន ៦១,៩៨០,០០០រៀល និង ៣៨,៧៥០ដុល្លាអាមេរិក៕

error: Content is protected !!